នឹកពេល...

នឹកពេលដើរតាមមាត់ទន្លេ​និងពេលដើរតាមសួនច្បារវត្តបុទុម។នឹកពេលដើរជុំវិញពហុកីឡា
ដ្ឋានជាតិអូឡាំពិកនិងពេលដើរក្នុងបុរី។នឹកពេលជិះកង់ឆ្លងខេត្ត ឆ្លងប្រទេសម្នាក់ឯង។
នឹកពេលដើរចូលព្រៃបោះជុំរុំឡើងដេកលើភ្នំជំុគ្នា។នឹកពេលជិះយន្តហោះឆ្លងប្រទេស
ជិះរថភ្លើង ជិះរទេះ​ ជិះទូកដើរផ្សងព្រេងកំសាន្តមានតែខោអាវមួយបង្វិច​និងទ្រនាប់
ជើងមួយគូ។នឹកពេលដេកតាមផ្លូវ ពេលសុំផ្ទះអ្នកភូមិស្នាក់​ ពេលសុំរថយន្តគេជិះ។

នឹកពេលដែលទទួលបានភាពកក់ក្តៅពីគ្រួសារ។នឹកពេលដែលពុកម៉ែហៅញុាំបាយជុំគ្នា។
នឹកពេលដេកជិតម៉ែហើយនិយាយរឿងក្នុងចិត្តប្រាប់គាត់។នឹកពេលដេកមើលទូរទស្ស៍ជាមួយពុក។​
នឹកពេលធ្វើម្ហូបញុាំបាយជាមួយបងប្អូននិងពេលមើលរឿងយប់ឡើងជុំគ្នា។នឹកពេលជួបជុំមិត្តភក្តិ
ពេលអង្គុយផឹកកាហ្វេព្រឹកឡើង ពេលញុាំបាយថ្ងៃត្រង់និងពេលផឹកអីហើយតទៅរាំលេងក្នុងក្លិប។
នឹកពេលជិះម៉ូតូជិះឡានពេលយប់ដើរលេងមើលភ្លើងពណ៌ក្នុងទីក្រុងនិងពេលចូលផ្សារទំនើប។​
នឹកពេលចង់ទៅណាអាចចេញពីផ្ទះទៅហ្នឹងភ្លាម។នឹកសិទ្ធិក្នុងការធ្វើដំណើរសេរីទៅគ្រប់ទីកន្លែង។

កាលពីនៅតូចកើតចេញពីផ្ទៃម្តាយមកអ្វីដែលទារកទូទៅរៀនធ្វើមុនគេគឺរៀនត្រលប់ខ្លួនរួច
ហើយរៀនវារ។​​គេមានគោលដៅតែមួយគត់គឺធ្វើយ៉ាងណាត្រូវរៀន​​​​​​​​​​ឲ្យចេះដើរ។​ទម្រាំតែអាច
ដើរបានមិនដឹងថាត្រូវដួលប៉ុន្មានដងនោះទេ។ទោះជាយ៉ាងណាគេមិនគិតហើយក៏មិនខ្វល់ថាតើ
មនុស្សជុំវិញមើលមកខ្លួនតាមក្រសែភ្នែកបែបណានោះឡើយ។ធម្មជាតិពិតនេះឆ្លុះបញ្ចាំង​​ឲ្យឃើញ
ថាការតស៊ូទាមទាររកសិទ្ធិសេរីភាពក្នុងការត្រាច់ចរគឺមានតាំងពីកំណើតធម្មជាតិរបស់យើងមកម្ល៉េះ
។​លើសពីនេះសេរីភាពដែលពួកគេមានកាលនៅជាកូនក្មេងទៀតសោធគឺសេរីភាពក្នុងការធ្វើជាខ្លួន
ឯង។ ធ្វើអ្វីដែលខ្លួនចង់ធ្វើដោយមិនខ្វល់ខ្វាយភ័យខ្លាចអំពីគំនិតអ្នកដទៃមកលើខ្លួន។​
នឹកអារម្មណ៍មួយនេះ។

តើមនុស្សម្នាទូទៅសុទ្ធតែនឹកដូចគ្នាអញ្ចឹងមែន?

នឹកឳកាសដែលអាចជួបមុខមនុស្សជាទីស្រលាញ់ជាលើកចុងក្រោយ។នឹកឪកាសដែលអាចហៅនិង
អោបថើបគាត់។នឹកឳកាសបម្រើមើលថែទាំជំងឺគាត់ដោយផ្ទាល់។នឹកស្តាយមិនអាចទទួលយក
សាកសពគាត់មកប្រារព្ធធ្វើពិធីបុណ្យជូនតាមប្រពៃណីយនិងទំនៀមសាសនាជាមួយគ្រួសារបាន។

នឹកឳកាសដើររើសកំប៉ុង​ ឳកាសរត់ដុប ឳកាសលក់បន្លែយកលុយទិញបាយម្ហូបចិញ្ចឹមកូន។នឹក
ឳកាសធ្វើការងារបើកប្រាក់ខែមកផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃជាធម្មតា។​នឹកឳកាសស្រោចស្រង់ក្រុមហ៊ុន
មុខជំនួញធុរកិច្ចរបស់ខ្លួន។​នឹកឳកាសផ្តល់ការងារដល់សរសរទ្រូងគ្រួសារដទៃៗ។​ចុងក្រោយគេគឺ
នឹកពេលដែលនៅរស់រានមានជីវិតនិងសេរីភាព។​នឹកគ្រប់ឪកាសនិងអ្វីគ្រប់យ៉ាងដែលអ្នកនៅរស់មាន។​

ទាន់នៅមានដង្ហើមយើងគួឆ្លៀតយកវេលាបិទខ្ទប់ វេលាធ្វើច​ត្តា​ឡី​ស័ក វេលានៅតែឯងនេះមកឆ្លុះ
បញ្ចាំងដើម្បីស្គាល់ខ្លួនឯង មករកអ្វីដែលខ្លួនចង់ធ្វើតែមិនទាន់បានធ្វើសម្រាប់ជីវិតមួយនេះសម្រាប់
បុគ្គលដែលខ្លួនស្រលាញ់ និងសម្រាប់សង្គមជាតិ។ សង្ឃឹមថាសេចក្តីប្រាថ្នានិងរបកគំហើញថ្មីអំពីខ្លួន
ឯងទាំងនេះនឹងក្លាយជាកម្លាំងវិជ្ជមានដែលជម្រុញទឹកចិត្តនិងធ្វើចិត្តយើងឲ្យធូស្បើយក្នុងគ្រាលំបាកនេះ។​​


You'll only receive email when they publish something new.

More from Panha Suon's Archive