ទឹកស្រះជីវិត

នៅរដូវប្រាំង ស្រះទឹកក្នុងសហគមន៍កសិកម្ម
គឺជាប្រភពនៃជីវិតរបស់ប្រជាកសិករ។
សម្រាប់សហគមន៍កសិកម្មដែលជួបបញ្ហាខ្វះ
ខាតទឹកនៅរដូវរាំងភ្លៀង កសិករពឹងផ្អែក
ទាំងស្រុងទៅលើប្រភពទឹកស្រះដោយសារ៖

(1)សហគមន៍ពុំទាន់មានប្រព័ន្ធធារាសាស្រ្ត
គ្រប់គ្រាន់សម្រាប់នាំយកទឹកពីស្ទឹងឬទន្លេ
ចូលមកដល់ទីតាំងរបស់គាត់, (2)ស្ថានីយ៍
បូមទឹកនិងប្រព័ន្ធប្រឡាយទឹកដែលបានកសាង
ត្រូវការចំណាយច្រើនដើម្បីស្តារឡើងវិញនិង
ជួសជុលជាប្រចាំឆ្នាំ, (3)ប្រភពទឹកក្រោម
ដី(ទឹកអណ្តូង)វិញគឺមិនអាចប្រើប្រាស់សម្រាប់
ធ្វើកសិកម្មឬបរិភោគបាន ព្រោះមានជាតិ
កំបោរខ្ពស់, (4)តំបន់ខ្លះខួងអណ្តូងអត់
ចេញទឹក។  តើធ្វើដូចម្តេចដើម្បីកែច្នៃប្រភព
ទឹកក្រោមដីដែលមានជាតិកំបោរខ្ពស់
ឱ្យអាចប្រើប្រាស់បានសម្រាប់បរិភោគនិង
ស្រោចស្រពដំណាំ? សរុបមកវិញ សព្វថ្ងៃពួក
គាត់ធ្វើស្រែចំការពឹងផ្អែកទឹកភ្លៀងក្នុងរដូវ
វស្សារហើយអាស្រ័យផលទឹកស្រះដែលសេស
សល់ពីរដូវភ្លៀងសម្រាប់ធ្វើកសិកម្មបន្តក្នុង
ខែប្រាំង។

ទីតាំងភូមិសាស្រ្តរបស់សហគមន៍មានដីដែល
អាចជីកស្រះទៅ ទប់ទឹកជាប់ មូលហេតុអ្វី
កសិករមិននាំគ្នាជីកស្រះឱ្យធំដើម្បីអាចរក្សា
ទឹកទុកប្រើឱ្យគ្រាប់គ្រាន់សម្រាប់ធ្វើការដាំដុះ
ផ្សេងៗនិងប្រើប្រាស់ក្នុងរដូវប្រាំង? យោងទៅ
តាមប្រសាសន៍របស់ប្រធានសហគមន៍ មូល
ហេតុដែលកសិករមិននាំគ្នាជីកស្រះគឺជាកត្តា
ផ្នត់គំនិត ដោយពួកគាត់គិតថាជីកស្រះទៅ
ខាតផ្ទៃដីដាំដុះ ដូច្នេះសុខចិត្តធ្វើកសិកម្ម
តាមយថាកម្ម ដោយពឹងផ្អែកលើមេឃវិញ។
នេះជាផ្នត់គំនិតឬប្រពៃណីដែលគាត់ធ្វើតាមគ្នា
តពីចាស់ៗមក។ ពួកគាត់នូវខ្វះខាតផ្នត់គំនិត
អភិវឌ្ឍបែបកសិពាណិជ្ជកម្ម ដែលជាហេតុធ្វើ
ឱ្យគាត់គិតមិនដល់រឿងជីកស្រះឬមើលមិន
ឃើញផលចំណេញពីការជីកស្រះ។ ក្នុងករណី
ខ្លះ កង្វះខាតទុនសម្រាប់ជីកស្រះក៏ជាកត្តា
រារាំងផងដែរ។

រដូវប្រាំងជារដូវយុទ្ធសាស្រ្ត ព្រោះថាបរិមាណ
ទិន្នផលកសិកម្មទូទៅ ជាធម្មតាធ្លាក់ចុះក្នុង
រដូវនេះ ព្រោះកសិករពិបាកដាំដុះដោយសារ
មូលហេតុផ្សេងៗ ដែលក្នុងនោះមានកត្តា
កង្វះទឹកមួយជាកត្តាចម្បង។ ការថយចុះនៃ
បរិមាណកសិផលសម្រាប់ផ្គត់ផ្គង់តម្រូវការ
ទីផ្សារនេះ រួមចំណែកធ្វើឱ្យតម្លៃកសិផលឡើង
ថ្លៃស្របពេលដែលតម្រូវការក្នុងទីផ្សារនៅតែ
មានច្រើន។

មូលហេតុអ្វីប្រទេសយើងហាក់ដូចជានៅមិន
ទាន់មានប្រព័ន្ធធារាសាស្រ្តល្អនិងមានប្រសិទ្ធ
ភាពនៅគ្រប់ទីកន្លែងទូទាំងប្រទេស ត្បិតយើង
ទទួលស្គាល់ថាវិស័យកសិកម្មក៏ជាវិស័យមួយ
ដែលសំខាន់ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ
និងប្រជាជន? តើអ្វីខ្វះជាកត្តារារាំងចម្បង
ក្នុងកិច្ចការងារអភិវឌ្ឍ ស្តារឡើងវិញនិង
កសាងប្រព័ន្ធធារាសាស្រ្តបន្ថែម? តើប្រទេស
យើងមានគោលនយោបាយគ្រប់គ្រង រក្សា
និងប្រើប្រាស់ទឹកប្រកបដោយនិរន្តរភាពដែល
មានប្រសិទ្ធភាពសម្រាប់កសិកម្មខ្នាតតូចបែប
គ្រួសារដែរឬទេ? ក្នុងនាមជាយុវជននិងយុវនារី
ដែលមានចំណាប់អារម្មណ៍លើវិស័យកសិកម្ម
តើពួកយើងអាចចូលរួមចំណែកធ្វើអ្វីបានខ្លះ
និងតាមវិធីសាស្រ្តបែបណា?

បញ្ជាក់៖ នេះមិនមែនជាឯកសារស្រាវជ្រាវផ្លូវការ!
កំណត់ហេតុ! សំណេរអង្កេត! ពិចារណាមុនជឿ!


You'll only receive email when they publish something new.

More from ដាស់សតិ - Dassatek
All posts