Note: The Listed platform will permanently shut down December 31, 2026. Your data published on Listed will still be available in your personal Standard Notes account. Learn more

លុយកាក់សេន vs. ផលចំណេញវែងឆ្ងាយ

កាត់ស្លឹកគ្រៃខុសប្រវែង។ អ្នកបញ្ជាទិញ ចង់ឱ្យកាត់ឱ្យវែងបន្តិច ដើម្បីឱ្យជាប់ស្លឹក
ច្រើន ព្រោះគេត្រូវយកទៅហាន់គ្រឿង។ ព័ត៌មានផ្តល់ឱ្យអត់ច្បាស់ អត់មានប្រើ
ខ្នាតជាក់លាក់។ ប្រើភាសា "កាត់យកលើធាងវាបន្តិច"។ ទំនាក់ទំនងប្រាប់
ព័ត៌មានធ្វើឡើងតាមទូរស័ព្ទ អត់មានរូបភាព អត់មានប៉ាន់គម្រូជាក់ស្តែង។
ដូច្នេះ ធ្វើឱ្យមានការយល់ច្រលំហើយប្រាប់តទៅសមាជិកខុស។ ម្ល៉េះហើយ ពេល
សមាជិកធ្វើ គាត់កាត់ស្លឹកចោលច្រើនពេក ធ្វើឱ្យខាតគីឡូ។​ ឧទាហរណ៍ ពេលយើង
កាត់ស្លឹកវាចោលតិច វាធ្ងន់ជាពេលដែលយើងកាត់ស្លឹកវាចោលច្រើន។ ធ្វើអ៊ីចឹង
យើងចំណេញគីឡូ។ ក្នុងស្លឹកគ្រៃដែលយើងត្រូវកាត់ឱ្យគេ ១០០ គីឡូ យើងកាត់ខុស
១០ គីឡូ។

ថ្នាក់ដឹកនាំឬអ្នករកស៊ីខ្លះ អាចគិតល្អិតល្អន់មែនទែនជាមួយការខាតលុយ
កាក់សេនមួយនេះ។ គ្រាន់តែឃើញកាត់ខុសអ៊ីចឹងស្តាយអឺយស្តាយ។ មិនត្រឹមតែ
ស្តាយក្នុងចិត្តទេ លើកឡើងមកនិយាយរំលឹកពីរទៅបីដងទៀត ប៉ុន្តែគាត់អត់បាន
ឆ្លុះបញ្ជាំង ថាមូលហេតុអ្វីបានជាមានរឿងហ្នឹងកើតឡើងពីដើមគ្រា។

ពេលជួបរឿងរាវបែបនេះផ្ទាល់ ខ្ញុំមានអារម្មណ៍ថាពិបាកទទួលយកនូវចរិតបែបនេះ
ភ្លាមៗហើយខ្ញុំមានអារម្មណ៍ថាទើសចិត្ត។ ខ្ញុំសួរខ្លួន​ឯងថា តើមកពីខ្ញុំមិនចេះគិត
ល្អិតល្អន់ដូចនេះមែនឬ ទើបខ្ញុំមិនពូកែធ្វើអាជីវកម្មដូចគេ? តើខ្ញុំគិតគូពីអ្នកដទៃ
ពេកឬ? តើខ្ញុំស្លូតត្រង់ពេកឬ? តើអ្នកធ្វើអាជីវកម្មខ្លាំងគ្រប់រូបសុទ្ធតែពូកែគិត
ល្អិតល្អន់ មានល្បិចកិចកល់ច្រើន មានឧបាយកលច្រើន​ ចេះរិះថាំបែបនេះមែនឬ?
ប្រហែលមកពីខ្ញុំអ៊ីចឹងហើយបានខ្ញុំចេះតែមិនត្រូវធាតុគ្នាជាមួយកិច្ចការងាររកស៊ី​ ឬ
មិនដែលគិតថាចង់ធ្វើជាពាណិជ្ជករ?

បន្ទាប់ពីទុកពេលពីរបីថ្ងៃ ឱ្យអារម្មណ៍និងព័ត៌មានទាំងអស់នេះស្ងប់ហើយជ្រាបចូល
ទៅក្នុងខ្លួនខ្ញុំអស់ហើយ ខ្ញុំសម្រេចចិត្តសរសេរកំណត់ហេតុនេះដើម្បីឆ្លុះបញ្ចាំង ដើម្បី
វិភាគហើយគិតកំណត់ថាជំហរមួយណាដែលខ្ញុំសម្រេចចិត្តថានឹងដើរតាមក្នុងវិថី
អាជីវកម្មពីពេលនេះទៅដល់ពេលដែលមានជំហរថ្មីមកផ្លាស់ប្តូរការសម្រាច់ឥលូវនេះ
របស់ខ្ញុំ។

ខ្ញុំយល់ឃើញថាក្នុងនាមជាអ្នកដឹកនាំ ជាពិសេសពេលដែលយើងធ្វើការជាមួយ
កសិករជាសមាជិកដែលមានជីវភាពទុនខ្សោយជាងយើង៖ (១) យើងគួរ ឱ្យអទិ
ភាពលើសមាជិកយើងមុនគេ។ ឧទាហរណ៍ បើយើងក៏ដាំស្លឹកគ្រៃ ហើយសមាជិក
យើងក៏ដាំស្លឹកគ្រៃ ពេលមានការបញ្ជាទិញ យើងគួរសម្របសម្រួលផ្តល់ឱ្យកាសឱ្យពួក
គាត់បានកាត់លក់មុនយើង។ សមាជិកទទួលផលមុន ថ្នាក់ដឹកនាំទទួលដោះស្រាយ
បញ្ហា។

(២) គួរគិតពីផលប្រយោជន៍វែងឆ្ងាយឬផលប្រយោជន៍ធំរួម​ ចៀសជាងផ្តោតចង់
សន្សំលុយចំណេញកាក់សេនឬបង្ការចំណាយផ្ទាល់ខ្លួនតិចតួច។ យើងគួរហ៊ាន
លះបង់។ អាចគិតថា សេដ្ឋកិច្ចយើងប៉ុណ្នឹង សមត្ថភាពយើងប៉ុណ្ណឹង យើងមិនទៅ
មានបានឬក្រនិងលុយកាក់សេនប៉ុណ្ណឹងទេ ប៉ុន្តែសម្រាប់សមាជិកយើង លុយកាក់
សេនប៉ុណ្ណឹងអាចមានឥទ្ធិពលខ្លាំងទៅលើជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។ ម៉្យាងវិញ
ទៀតកុំដោយសារតែផលប្រយោជន៍កាក់សេនធ្វើឱ្យខូចការធំ។ ឧទាហរណ៍ ព្រោះចង់
កាត់លក់ស្លឹកគ្រៃខ្លួនលក់ឱ្យអស់ឱ្យហើយៗបានច្រើន សុខចិត្តដាក់ស្លឹកគ្រៃដែលមិន
សូវល្អ ស្លឹកក្រហម ដើមតូចៗទៅជាមួយ ដោយគ្មានការនិយាយបើកចំហឱ្យអ្នក
បញ្ជាទិញដឹង។ កុំអាងថា ប្រហែលជាមិនអ៊ីទេ ដាក់សិនទៅ។ បើគេថាយ៉ាងម៉េច
យ៉ាងម៉ាចាំកែឱ្យត្រឹមត្រូវវិញ។ ចំណុចតូចទាំងនេះជា មូលដ្ឋានគ្រឹះនេះទំនុកចិត្ត
និងកេរ្តិ៍ឈ្មោះរបស់យើងក្នុងនាមជាអ្នកធ្វើអាជីវកម្មអាជីព។

ខ្ញុំដឹងថា គោលការណ៍ទាំងនេះមិនងាយស្រួលធ្វើដូចនិយាយទេ។ ប៉ុន្តែវាចាំបាច់
ដែលថាយើងត្រូវដាស់តឿនខ្លួនឯងឱ្យមានសតិដឹងជារឿយៗ ហើយឆ្លុះបញ្ចាំងទង្វើ
ខ្លួនឯងកុំឱ្យធ្លោយខុសផុងខ្លួនជ្រៅ។


You'll only receive email when they publish something new.

More from Panha Suon - សួន បញ្ញា
All posts