ប្រឹងប៉ុណ្ណឹងដែរ ក្រនៅតែតាមទាន់​​

ពេលចូលធ្វើការក្នុងសហគមន៍កសិកម្មដំបូង
មានលោកពូម្នាក់ដែលត្រូវបានអ្នកផងទទួល
ដឹងថាជាអ្នកធ្វើការច្បាស់លាស់ ឧស្សាហ៍
ព្យាយាម និងខិតខំប្រឹងប្រែង។ មានពេល
មួយគាត់បានលាន់មាត់និយាយថា "មិនដឹង
ជាយ៉ាងម៉េចប្រឹងប៉ុណ្ណឹងដែរ ប៉ុន្តែក្រនៅតែ
តាមទាន់"។ ពូ គាត់ធ្វើការងារច្រើនមុខ។
គាត់ធ្វើជាទាហ៊ានវិស្វកម្មផង គាត់ធ្វើស្រែផង
ហើយឆ្លៀតធ្វើការងារ ជាហិរញ្ញិកក្នុងសហគមន៍
កសិកម្មទៀត ប៉ុន្តែគាត់ហាក់នៅតែហត់នឿយ
គ្មានពេលសម្រាក។

បន្ទាប់ពីបានសង្កេតមើលហើយវិភាគប្រៀប
ធៀបគាត់ទៅនិងសមាជិកសហគមន៍កសិកម្ម
ផ្សេងទៀតដែលធ្លាប់មានជីវិភាពក្រីក្រលំបាក
តែក្រោយឡើងប្រែជាប្រសើរធូរធារ ឃើញថា
ចំនុចដែលខុសគ្នាធំមួយរវៀងពួកគាត់ គឺការ
បែកគំនិតចាប់ផ្តើមធ្វើកសិពាណិជ្ជកម្មឬអាជីវ
កម្មបែបសង្គម។ អ្នកដែលមានជីវិភាពប្រសើរ
ឡើងគឺដោយសារគាត់ចាប់ផ្តើមហ៊ានបែកគំនិត
រកសុីលើវិស័យកសិកម្មឬធ្វើកសិកម្មដាំដុះជា
លក្ខណៈអាជីវកម្ម។

កសិករខ្មែរភាគច្រើនដើរតួជាអ្នកផលិតតែមួយ
មុខគត់ បានន័យថាពួកគាត់ផ្តោតទៅលើតែ
ការដាំដុះបង្កើនផលឬការផលិតកសិផលកសិកម្
មមានដូចជាផ្លែឈើ បន្លែ សាច់។​ ពេលដែលពួក
គាត់ផលិតបានហើយ ពួកគាត់រងចាំឈ្មួញមក
ប្រមូលទិញដល់ផ្ទះ។ ធ្វើដូចនេះគាត់មិនអាច
ទទួលបានតម្លៃពេញដូចការដែលគាត់លក់ផ្ទាល់
ទៅកាន់អ្នកប្រើប្រាស់ ព្រោះតម្លៃផលិតផល
កសិកម្មត្រូវកាត់ចែកគ្នាជំនេញច្រើនតំណាក់
កាលទៅកាន់ច្រើនតួអង្គក្នុងខ្សែរច្រវ៉ាក់តម្លៃ
កសិកម្ម។ ម្យ៉ាងវិញទៀតគាត់ប្រឈមនិងបញ្ហា
ដែលឈ្មួញគាបឬក្រឡុកតម្លៃស្រេចតែចិត្តព្រោះ
ប្រជាកសិករមិនទាន់មានសមត្ថភាពអាចគ្រប់
គ្រងព័ត៌មានទីផ្សារបានច្បាស់ ទាន់សភាពការ
ហើយអាចធ្វើទីផ្សារបានដោយខ្លួនឯង។

ពេលខ្លះអាចថាចំណេះដឹងទូទៅរបស់ពួកគាត់
នៅមានកម្រិតហើយគាត់មិនបានទទួលការ
បណ្តុះគំនិតល្អៗ ប៉ុន្តែក៏មានករណីដែលអ្នក
បានរៀនត្រឹមតែថ្នាក់ទី៣ មានការតាំងចិត្ត
រៀនសូត្រអភិវឌ្ឍន៍សមត្ថភាពខ្លួនឯងរហូត
អាចបង្កើតនិងដឹកនាំសហគមន៍កសិកម្ម។
និយាយឱ្យស្មោះត្រង់ទៅ កសិករខ្លះនៅមាន
ជម្ងឺយកលេសបន្ទោសព្រហ្មលិខិតនិងអ្វីៗផ្សេង
ក្រៅតែពីខ្លួនឯង។ គាត់នៅមិនទាន់ហ៊ានកំណត់
ជោគវាសនាខ្លួនឯង។ លើសពីនេះគាត់បិទចិត្ត
មិនព្យាយាមស្វះស្វែងរកប្រភបចំណេះវិជ្ជាថ្មីៗ
គំនិតល្អៗដើម្បីរៀនសូត្រ ពិចារណា និងសាក
ធ្វើតាម។ គាត់បន្តធ្វើអ្វីតាមតែទំលាប់ និង
ទំនៀមតៗគ្នាពីចាស់ជំនាន់មុនដោយមិន
បានត្រឹះរិះរកចន្លោះខ្វះខាតដើម្បីធ្វើការកែ
តម្រូវ ច្នៃប្រឌិតបំពេញបន្ថែមឱ្យប្រសើរឡើង
នោះទេ។ ទាំងនេះរារាំងពួកគាត់មិនឱ្យប្រែ
ក្លាយខ្លួនទៅជាកសិសហគ្រិន ដែលអាចធ្វើ
កសិកម្មបែបអាជីវកម្ម ហ៊ានធ្វើជាឈ្មួញ
ខ្លួនឯង ហ៊ានសាកធ្វើអាជីវកម្មឬអ្វីមួយ
ដែលថ្មី។

មួយវិញទៀត ការសេពគប់និងចំណេះដឹង
គ្រប់គ្រងហិរញ្ញវត្ថុក៏ជាកត្តាសំខាន់ខ្លាំងណាស់
ដែរ សម្រាប់ធ្វើឱ្យប្រាកដថាថវិការដែលកសិករ
ចំណាយញើសឈាមធ្វើការយ៉ាងលំបាកហាលថ្ងៃ
ហាលភ្លៀង រកបានមក ត្រូវបានប្រើប្រាស់ក្នុង
ផ្លូវដែលចម្រុងចម្រើន បានន័យថាការចាយលុយ
ដែលគាត់អាចបង្កើតជាទ្រព្យឬលុយកាក់បន្ថែម
តាមរយៈការដាក់ប្រាក់សន្សំជាមួយក្រុមសន្សំ
សហគមន៍ឬក៏អាចឈានដល់ការ​ដាក់ហ៊ុនចូលរួម
រកស៊ីជាមួយសហគមន៍ឬថ្នាក់ដឹកនាំសហគមន៍។​
ការចំណាយបែបនេះគឺប្រសើរជាងការចំណាយបែប
សម្ភារៈនិយម ឧទាហរណ៍ការទិញសម្ភារៈទំនើបៗ
(សំលៀកបំពាក់ ទូរស័ព្ទ ធុងបាស់ ម៉ូតូ-ល-)​
ព្រោះគ្រាន់តែចង់ដេញម៉ូដបង្អួតគ្នា ទាំងដែល
វាមិនមែនជាតម្រូវការចាំបាច់ទាល់តែសោះ។
ម៉្យាងវិញទៀតការជួបជុំគ្នាផឹកស្រា សប្បាយច្រៀង
រាំ​ ព្រោកប្រាជ្ញរឿងឥតប្រយោជន៍ជាប្រចាំរហូត
ដល់ថ្នាក់ភ្លេចការងារ តួនាទី និងភារកិច្ចខ្លួន
ក៏រួមចំណែកសង្កត់គាត់ឱ្យកប់លិចកាន់តែជ្រៅ
ទៅក្នុងរណ្តៅនៃភាពក្រីក្រដែរ។​

តាមពិតទៅដើម្បីឱ្យការវិភាគកាន់រឹងរឹតតែគ្រប់
ជ្រុងជ្រោយនោះទៅទៀត យើងក៏ត្រូវសិក្សាមើល
លើធម្មជាតិនៃសេដ្ឋកិច្ចដែលត្រូវបានរចនាបង្កើត
ឡើងមកដោយសង្គមជាតិយើងនិងពិភពលោក
ដែលមានក្រុមហ៊ុននិងបុគ្គលសំខាន់ៗ មាន
ឥទ្ធិពលនិងដែនអំណាចខ្លាំងខ្លានិងធំធេងគ្រប
សង្កត់ពីលើកសិករនិងប្រជាពលរដ្ឋទូទៅធម្មតា។
ឧទាហរណ៍ កសិករខ្វះចំណេះ គ្មានជម្រើសអ្វីផ្សេង
ក្រៅពីពឹងពាក់អាស្រ័យទាំងស្រុងទៅលើជីគីមី
ថ្នាំគីមី ផលិតផលគីមី និងគ្រាប់ពូជពីរោងចក្រ
ដែលត្រូវបានគេឃោសនាជម្រុញឱ្យប្រើ ដោយអះ
អាងថាជួយបង្កើនទិន្នផលច្រើនទ្វេរដង។ ប៉ុន្តែ
ជាក់ស្តែងពេលប្រើយូរទៅ វាបែរប្រែជាអន្ទាក់ទាក់
កកសិករឱ្យជាប់ក្លាយជាខ្ញុំកញ្ជាស់ដីស្រែ ដីចម្ការ
ខ្លួនឯង ក៏ដូចជាក្លាយជាទាសករធ្វើការចិញ្ចឹម
បំប៉នក្រុមហ៊ុនធំៗដែលផលិតជី ថ្នាំគីមី និង
គ្រប់ពូជផ្សេងៗ។​ ពួកគេបានរៀបចំធ្វើយ៉ាងណា
ឱ្យកសិករអត់គេមិនបាន។​

សរុបមកការដើរតួធ្វើជាអ្នកផលិតតែមួយមុខ
មិនអាចជួយឱ្យកសិករងើបចេញផុតពីភាពក្រីក្រ
បាននោះទេ។ ពួកគាត់ត្រូវបំលែងខ្លួនឱ្យទៅជា
កសិសហគ្រិន។​ ពួកគាត់ត្រូវ ហ៊ានប្តេជ្ញាចិត្ត
កំណត់ជោគវាសនាខ្លួនឯង។ លើសពីនេះពួកគាត់
ត្រូវចាប់ផ្តើមរកវិធីដោះលែងខ្លួនឱ្យមានសេរីភាព
និងឯករាជ្យភាព គេចផុតពីក្រញាំនៃក្រុមហ៊ុន
និងអន្ទាក់គំនិតបុគ្គលមូលធុនធំៗដែលមានទាំង
ឥទ្ធិពលនិងអំណាច។ ពួកគាត់អាចសាកល្បង
ចាប់ផ្តើមបែរមកធ្វើកសិកម្មបុរាណតែទាន់សម័យ
ដែលប្រព្រឹត្តទៅជាសុខជាមួយធម្មជាតិ។ នាំគ្នាធ្វើ
កសិកម្មធម្មជាតិ ដែលបង្កើតគតិបណ្ឌិតនិងចំណេះ
ដឹងហើយបង្រៀនឱ្យគាត់មានសមត្ថភាពវិភាគ
ធ្វើឱ្យគាត់ទទួលបាននូវសេរីភាព ឯករាជ្យ អត្ថន័យ
ជីវិតនិងការងារ ក៏ដូចជារស់នៅប្រកបដោយ
សុភមគ្គល។ នាំគ្នាធ្វើកសិកម្មយូរអង្វែងតកូនតចៅ។

បញ្ជាក់៖ នេះមិនមែនជាឯកសារស្រាវជ្រាវផ្លូវការ!
កំណត់ហេតុ! សំណេរអង្កេត! ពិចារណាមុនជឿ!
ស្រាវជ្រាវបន្ថែមមុនយកទៅប្រើ!


You'll only receive email when they publish something new.

More from ដាស់សតិ - Dassatek
All posts