ជម្រើសមិនលោភលន់

តើអ្នកធ្វើអាជីវកម្មម្នាក់ៗសុទ្ធតែត្រូវមានមហិចតា
ធំ ចង់បានមិនចេះគ្រប់គ្រាន់ មិនចេះហើយ ទើប
រកស៊ីបានជោគជ័យឬយ៉ាងណា? តើមហិចតាឬការ
ចង់បានរបស់អាជីវករទាំងអស់សុទ្ធតែដូចគ្នាឬក៏
យ៉ាងណា? ឧទាហរណ៍ថាតើពួកគាត់សុទ្ធតែចង់រស់
នៅក្លាយខ្លួនជាមហាសេដ្ឋី ចង់មានទ្រព្យសម្បត្តិរាប់
មិនអស់ មានលុយកាក់ពេញដៃ រស់នៅក្នុងវិមានធំ
ស្កឹមស្កៃ ពោរពេញទៅដោយសម្ភារៈទំនើបៗ និង
មធ្យោបាយធ្វើដំណើរថ្លៃៗដូច្នេះឬ? តើមហិចតាបែប
នេះឬ ដែលកំណត់ថាបុគ្គលណាម្នាក់ជាអាជីវករពោរ
ពេញទៅដោយសក្តានុពលខ្លាំងក្លា? តើអាជីវករអាច
នូវតែធ្វើអាជីវកម្មបានដែរឬទេ បើគាត់ជ្រើសយក
​ជម្រើសមិនលោភលន់ហើយមិនមានមហិចតាធំដូច
រៀបរាប់ខាងលើ?

ខ្លួនខ្ញុំផ្ទាល់ធំធាត់ក្នុងគ្រួសារដែលមិនមែនជាអ្នក
រកស៊ីធ្វើអាជីវកម្ម។ ឳពុកម្តាយខ្ញុំសុទ្ធតែជាអ្នក
ធ្វើការ ដូច្នេះហើយ ការមានគំនិតរកស៊ីឬមានខួរ
ក្បាល់អាជីវកម្មហាក់ដូចជាឃ្លាតឆ្ងាយមែនទែនពីខ្ញុំ។
បូកផ្សំជាមួយនិងគម្រូភាពរបស់អាជីវករដែលខ្ញុំ
បានដឹង បានស្គាល់កាលពីក្មេង សុទ្ធសឹងតែច្រាស
ចាកពីគុណតម្លៃនិងនិស្ស័យរបស់ខ្លួនទៀត នោះវាធ្វើ
ឱ្យខ្ញុំកាន់តែមិនចូលចិត្តចង់ធ្វើអាជីវកម្មទាល់តែសោះ។
ពួកគាត់បានផ្តល់ជារូបភាពមួយឱ្យខ្ញុំ ដែលថាអ្នក
អាជីវកម្មទាំងអស់សុទ្ធតែអាត្មានិយម រកស៊ី កេង
ចំណេញ ប្រើល្បិចគ្រប់បែបយ៉ាងធ្វើយ៉ាងណាឱ្យខ្លួន
មានព្រៀ​បលើគេហើយអាចទទួលបានប្រាក់ចំណេញ
កាន់តែច្រើនកាន់តែល្អ ដោយមិនខ្វល់ថាទង្វើររបស់
ខ្លួនអាចប៉ះពាល់ដល់អ្វីខ្លះឬអ្នកណាមួយឡើយ។

ជាក្តីសង្ឃឹម សង្គមយើងនៅមានក្រុមអាជីវករ
ដែលគួរឱ្យសិក្សារៀនសូត្រ។​ ពួកគាត់មានបេះដូង
និងផ្នត់គំនិតជួញជំនួញបែបសង្គម ដោយពួក
គាត់មិនផ្តោតទៅលើតែប្រាក់ចំណេញមួយមុខ
ប៉ុន្តែពួកគាត់គោរពធ្វើតាមបុព្វហេតុដែលចង់
បង្កើតជាផលវិជ្ជមាន និងជួយកែប្រែជីវភាព
កសិករក៏ដូចជាប្រជាពលរដ្ឋក្រីក្រឱ្យប្រសើរឡើង
ដើម្បីធ្វើយ៉ាងណាឱ្យអ្នកទាំងនោះអាចងើបចេញ
ផុតពីភាពក្រីក្រ។ តាមរយៈទឹកចិត្តនេះ ពួកគាត់
សុខចិត្តជ្រើសរើសយកជម្រើសមិនលោភលន់។

បានន័យថា គាត់សុខចិត្តចំណេញតិច បើធៀប
ទៅនិងលទ្ធិភាពជាក់ស្តែងដែលគាត់អាចចំណេញ
បានតាមទីផ្សារទូទៅ។ ឧទាហរណ៍ជាក់ស្តែង
ខ្ញុំបានសម្ភាសថ្នាក់ដឹកនាំសហគមន៍
កសិកម្មដែលខ្ញុំកំពុងធ្វើជាមួយដែលធ្លាប់ប្រកប
របរលក់ផលិតផលជីកសិកម្មបោះដុំ។ គាត់និយាយ
ថា បើលក់តាមគេតាមឯង គាត់ត្រូវលក់ក្នុងតម្លៃ
210,000៛ ក្នុង១បាវ ដោយយកចំណេញ 30,000៛។
ប៉ុន្តែគាត់សុខចិត្តលក់ត្រឹមតម្លៃ 190,000៛ ដោយ
យកចំណេញត្រឹមតែ 10,000៛ ព្រោះគាត់ទិញចូលក្នុង
តម្លៃ 180,000៛។​ ដូច្នេះគាត់ចំណេញទាបជាងអ្នក
បោះដុះដ៏ទៃ 20,000៛។

នេះជាការសម្រេចចិត្តមួយដែលស្តាប់ទៅហាក់
មានភាពសាមញ្ញមិនគួរឱ្យពិបាកធ្វើឡើយ។
ប៉ុន្តែជាក់ស្តែង វាពិតពិបាកនិងធ្វើចិត្តបាន
ត្បិតពេលមនុស្សប្រទះលុយ សភាពចិត្តជាលោភៈ
នឹងបញ្ចេញអនុភាពខ្លាំងខ្លារបស់វាមក។ គាត់
សម្រេចចិត្តលក់ដូចនេះដោយសារគាត់មើលឃើញ
ថាវាមានសារៈប្រយោជន៍(ដែលមិនមែនជាលុយ) ២
សម្រាប់អាជីវកម្មរបស់គាត់ផ្ទាល់ក៏ដូចជាអតិថិជន។

គាត់យល់ឃើញថាត្បិតតែគាត់ចំណេញទាបជាគេ
ក៏ប៉ុន្តែអ្វីដែលល្អគឺ​ (១) គាត់មិនចាំបាច់ឈឺ
ក្បាល់ខ្វល់ខ្វាយរឿងភ្ញៀវជំពាក់លុយ ឬពិបាកដើរ
ទារលុយអតិថិជន ឬបង្វិលដើមទុនមិនទាន់
ដោយសារទារលុយគេមិនបាននោះទេ។ ដោយហេតុ
ថាអតិថិជនរបស់គាត់ទទួលបានតម្លៃទាបល្អ ប៉ុន្តែ
ត្រូវបំពេញលក្ខណតម្រូវឱ្យបង់លុយគ្រប់ចំនួនដល់ដៃ
ភ្លាមៗពេលទិញផលិតផល ដោយមិនអនុញ្ញាតឱ្យ
ជំពាក់ឡើយ និង(២) គាត់គិតថាសុខចិត្តយក
ចំណេញទាបបន្តិចដើម្បីឱ្យដេប៉ូទិញយកទៅចែក
ចាយត អាចលក់ក្នុងតម្លៃទាបល្អទៅឱ្យកសិករ
អ្នកប្រើប្រាស់ផ្ទាល់។ គាត់គិតថាធ្វើបែបនេះ គាត់
អាចចូលរួមចំនែកជួយដល់ប្រជាកសិករ។​​ គ្រាន់តែ
ថាគោលបំណងល្អនេះអាចកើតមានទៅបានក៏ទាល់
តែអ្នកទិញទៅលក់ត មានផ្នត់គំនិតនិងរបៀបរបប
រកស៊ីដូចនិងពួកគាត់ដែរ។ មូលហេតុអ្វីបានជាពួក
គាត់មានគំនិតទាំងនេះដុះចេញពីក្នុងខ្លួន?

ពូម្នាក់ក្នុងចំណោមថ្នាក់ដឹកនាំសហគមន៍កសិកម្ម
មានប្រសាសន៍ប្រាប់ខ្ញុំថា គាត់ធ្លាប់ក្រ ហើយរៀនមិន
ចប់ទាំងថ្នាក់បឋមសិក្សាផង តែគាត់បានសម្រេច
ចិត្តកំណត់ជោគវាសនាជីវិតខ្លួនឯង ដោយប្រឹង
ប្រែងស្រវាសិក្សាប្រើគ្រប់វិធីដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យ
មានបានមកដូចសព្វថ្ងៃនេះ។ ត្រឹមប៉ុណ្ណឹងគាត់
មានអារម្មណ៍ថាគ្រប់គ្រាន់រួចទៅហើយ ព្រោះពី
អតីតកាល គាត់មិនទាំងដែលធ្លាប់មានបំណង
ប្រាថ្នាអ្វីផង។ ជីវីតពីមួយថ្ងៃទៅមួយថ្ងៃគ្រាន់តែគិត
ថាត្រូវធ្វើយ៉ាងណាទើបមានអង្ករច្រកឆ្នាំង។ លើសពី
នេះ គាត់មិនទាំងស្គាល់ថាបំណងប្រាថ្នាគោលដៅហ្នឹង
ជាអ្វីផង។​

គាត់បន្តថា គាត់មិនមែនជាឧកញ្ញឬមហាសេដ្ឋីអ្វីនោះ
ទេសព្វថ្ងៃនេះ ហើយក៏គាត់គិតថាមិនត្រូវការប្រឹង
ឱ្យក្លាយខ្លួនទៅជាបុគ្គលអ៊ីចឹងដែរ។ គាត់មានលុយចាយ
គ្រប់គ្រាន់(ព្រោះមិនខ្ជះខ្ជាយ ឬសម្ភារៈនិយម) មានផ្ទះ
ល្មមសមរម្យសម្រាប់ស្នាក់នៅ មានបាយហូបគ្រប់គ្រាន់
និងមានមធ្យោបាយធ្វើដំណើរទាំងម៉ូតូ ទាំងឡាន
សមរម្យ តែប៉ុណ្ណឺងគាត់ស្ងប់ចិត្តហើយ។ អ្វីផ្សេង
ដែលច្រើន អ្វីផ្សេងដែលល្អប្រណិតជាងនេះ គាត់រាប់
ចាត់ចូលជាអំណោយជីវិតរបស់ខ្លួន ដែលទាំងនេះ
មិនមែនជាអ្វីដែលគាត់រស់នៅអត់មិនបាននោះឡើយ។​
ដូច្នេះអ្វីដែលគាត់ខិតខំគិតធ្វើសព្វថ្ងៃនិងបន្តទៅ
មុខទៀតនោះគឺថា តើគាត់ត្រូវធ្វើយ៉ាងណាដើម្បីបន្សល់
ទុកជាស្នាដៃនិងស្លាកស្នាមដានវិជ្ជមានឱ្យបានច្រើន
សម្រាប់អ្នកជំនាន់ក្រោយក្នុងសង្គមជាតិខ្មែរ។

សរុបមកវិញមិនមែនអ្នកធ្វើអាជីវកម្មទាំងអស់សុទ្ធ
តែប្រាថ្នាចង់ខ្លាយជាមហាសេដ្ឋីឯណា។ វាក៏មិនមែន
ជាការកំណត់របស់ច្បាប់ដែរ ដែលដាក់កំហិតថាអ្នកធ្វើ
អាជីវកម្មម្នាក់ៗត្រូវតែប្រឹងមិនថាប្រើវិធីសាស្រ្តបែបណា
ធ្វើម៉េចឱ្យរកប្រាក់ចំណេញ ឱ្យកាន់តែបានច្រើនតាម
តែអាចធ្វើបានដើម្បីឱ្យខ្លួនក្លាយជាមហាសេដ្ឋីនោះទេ។
សម្រាប់ខ្ញុំ ឧទាហរណ៍ខាងលើគឺជាគម្រូមួយដ៏ល្អ
ដ៏វិជ្ជមាន ដែលខេមរជនទូទៅជាពិសេសយុវជនយុវនារី
មានជម្រើសអាចយកតម្រាប់តាម។

ខ្ញុំដឹងថាមិនមែនមនុស្សទាំងអស់សុទ្ធតែអាចធ្វើចិត្ត
បានដោយចេះស្ងប់ចិត្ត ចេះគ្រប់គ្រាន់ ហើយជ្រើសយក
ជម្រើសមិនលោភលន់នេះទេ។ ប៉ុន្តែសង្ឃឹមថាអត្ថបទ
នេះ អាចបំផុសគំនិត ប្រកាសប្រាប់ទៅអ្នកដែល
មានបំណងបង្កើតផលវិជ្ជមាននិងមាននិស្ស័យចង់ដើរផ្លូវ
ស្រដៀងគ្នានេះ ថាពួកគាត់មានជម្រើសអាចធ្វើវាបានដោយ
មិនចាំបាច់ត្រូវបង្ខំខ្លួនធ្វើតាមបែបផែនទំនៀមទំលាប់នៃ
ការរកស៊ីដែលច្រាសចាកពីគុណតម្លៃរបស់ខ្លួន ហើយទៅធ្វើ
តាមអ្នកដើរមុនៗដែលនិយមអនុវត្តធ្វើអាជីវកម្មផ្តោតទៅ
លើតែប្រាក់ជំណេញមួយមុខនោះឡើយ។

បញ្ជាក់៖ នេះមិនមែនជាឯកសារស្រាវជ្រាវផ្លូវការ!
កំណត់ហេតុ! សំណេរអង្កេត! ពិចារណាមុនជឿ!
ស្រាវជ្រាវបន្ថែមមុនយកទៅប្រើ!


You'll only receive email when they publish something new.

More from ដាស់សតិ - Dassatek
All posts