ធ្វើការតាមផ្ទះ
August 14, 2022•39 words
ឥលូវឆ្នាំ2022ហើយ នៅមានក្មេងស្រីអាយុក្រោម ១៨ឆ្នាំ អត់បានរៀនសូត្រហើយត្រូវបង្ខំចិត្តមកធ្វើការឱ្យគេតាមផ្ទះដើម្បីជួយដោះទាល់ជីវិភាពគ្រួសារប្រចាំថ្ងៃ។
ខ្ញុំឃើញ ខ្ញុំជួបប្រទះ ប៉ុន្តែបានត្រឹមនឹកអាណិត ហើយតូចចិត្តព្រោះខ្លួនឯងអសមត្ថភាព គ្មានប្រយោជន៍មិនអាចជួយអ្វីបាន។
ពេលឃើញទឹកមុខក្មេងនោះធ្វើការងារទាំងស្រងូតស្រងាត់មិនដឹងថាក្នុងចិត្តគេគិតអ្វី។ ពេលឃើញក្មេងនោះទាញសៀវភៅមកអង្គុយអានយប់ឡើងតែម្នាក់ឯង មិនចុចទូរស័ព្ទ មិនមើលទូរទស្សន៍ បានត្រឹមមានអារម្មណ៍ខ្លោចចិត្ត។ ធម្មតាទេពេលនៅជាមួយអ្នកដទៃវាមិនដូចនៅជាមួយគ្រួសារខ្លួនឯង 100% ទេ។ វាមានពេលខ្លះ គេនឹងមានអារម្មណ៍ថាខ្វះភាពកក់ក្តៅ។
ដឹងហើយថាម្ចាស់ផ្ទះខ្លះមានចិត្តល្អ មានចិត្តបុណ្យ មិនមានបំណងអាក្រក់ចង់ធ្វើបាប ចង់គេងប្រវ័ញអ្វីទេ។ ហើយក៏ដឹងដែរថា ពេលខ្លះវាជាតម្រូវការចាំបាច់ដែលទាមទារអោយក្មេងម្នាក់នោះចេញក្រៅផ្ទះដើម្បីដើររកលុយ។ បើសិនជាមិនបានចេញមកធ្វើការរកលុយដូច្នេះទេ វាពិតជាពិបាកកាន់តែខ្លាំង ពេលឃើញជីវភាពប្រចាំថ្ងៃរបស់គ្រួសារដុនដាបហើយពោរពេញទៅដោយទុក្ខវេទនា។
គិតៗទៅ វាហាក់ដូចជាពិភពលោកនេះមិនមានយុត្តិធម៌សោះ។ កើតមកជាមនុស្សដូចគ្នា ម្នាក់មានឱកាសរៀនសូត្រ ម្នាក់គ្មាន។ ខ្ញុំពិតជាមិនដឹងថាខ្ញុំអាចធ្វើអ្វីបានទៅលើរឿងនេះ។ ដោយសង្កេតឃើញថាក្មេងម្នាក់នោះចេះអានសៀវភៅបានខ្លះ ដូច្នេះខ្ញុំចង់ផ្ញើរសៀវភៅលើកទឹកចិត្ត បណ្តុះគំនិតមួយចំនួនដើម្បីឱ្យគេអាចអានបាន។ សង្ឃឹមថាគំនិតល្អៗទាំងនេះអាចជម្រុញទឹកចិត្តឱ្យគេខិតខំប្រឹងអានអោយបានច្រើនហើយទូលំទូលាយបន្ត ហើយយកបទពិសោធជីវិតនេះមករុញច្រានខ្លួនឱ្យកាន់តែរឹងមាំ។