Note: The Listed platform will permanently shut down December 31, 2026. Your data published on Listed will still be available in your personal Standard Notes account. Learn more

ធ្វើការតាមផ្ទះ

ឥលូវឆ្នាំ2022ហើយ នៅមានក្មេងស្រីអាយុក្រោម ១៨ឆ្នាំ អត់បានរៀនសូត្រហើយត្រូវបង្ខំចិត្តមកធ្វើការឱ្យគេតាមផ្ទះដើម្បីជួយដោះទាល់ជីវិភាពគ្រួសារប្រចាំថ្ងៃ។
ខ្ញុំឃើញ ខ្ញុំជួបប្រទះ ប៉ុន្តែបានត្រឹមនឹកអាណិត ហើយតូចចិត្តព្រោះខ្លួនឯងអសមត្ថភាព គ្មានប្រយោជន៍មិនអាចជួយអ្វីបាន។

ពេលឃើញទឹកមុខក្មេងនោះធ្វើការងារទាំងស្រងូតស្រងាត់មិនដឹងថាក្នុងចិត្តគេគិតអ្វី។ ពេលឃើញក្មេងនោះទាញសៀវភៅមកអង្គុយអានយប់ឡើងតែម្នាក់ឯង មិនចុចទូរស័ព្ទ មិនមើលទូរទស្សន៍ បានត្រឹមមានអារម្មណ៍ខ្លោចចិត្ត។ ធម្មតាទេពេលនៅជាមួយអ្នកដទៃវាមិនដូចនៅជាមួយគ្រួសារខ្លួនឯង 100% ទេ។ វាមានពេលខ្លះ គេនឹងមានអារម្មណ៍ថាខ្វះភាពកក់ក្តៅ។

ដឹងហើយថាម្ចាស់ផ្ទះខ្លះមានចិត្តល្អ មានចិត្តបុណ្យ មិនមានបំណងអាក្រក់ចង់ធ្វើបាប ចង់គេងប្រវ័ញអ្វីទេ។ ហើយក៏ដឹងដែរថា ពេលខ្លះវាជាតម្រូវការចាំបាច់ដែលទាមទារអោយក្មេងម្នាក់នោះចេញក្រៅផ្ទះដើម្បីដើររកលុយ។​ បើសិនជាមិនបានចេញមកធ្វើការរកលុយដូច្នេះទេ វាពិតជាពិបាកកាន់តែខ្លាំង ពេលឃើញជីវភាពប្រចាំថ្ងៃរបស់គ្រួសារដុនដាបហើយពោរពេញទៅដោយទុក្ខវេទនា។

គិតៗទៅ វាហាក់ដូចជាពិភពលោកនេះមិនមានយុត្តិធម៌សោះ។ កើតមកជាមនុស្សដូចគ្នា ម្នាក់មានឱកាសរៀនសូត្រ ម្នាក់គ្មាន។ ខ្ញុំពិតជាមិនដឹងថាខ្ញុំអាចធ្វើអ្វីបានទៅលើរឿងនេះ។ ដោយសង្កេតឃើញថាក្មេងម្នាក់នោះចេះអានសៀវភៅបានខ្លះ ដូច្នេះខ្ញុំចង់ផ្ញើរសៀវភៅលើកទឹកចិត្ត បណ្តុះគំនិតមួយចំនួនដើម្បីឱ្យគេអាចអានបាន។ សង្ឃឹមថាគំនិតល្អៗទាំងនេះអាចជម្រុញទឹកចិត្តឱ្យគេខិតខំប្រឹងអានអោយបានច្រើនហើយទូលំទូលាយបន្ត ហើយយកបទពិសោធជីវិតនេះមករុញច្រានខ្លួនឱ្យកាន់តែរឹងមាំ។


You'll only receive email when they publish something new.

More from Panha Suon - សួន បញ្ញា
All posts